Latest News

วันพุธที่ 5 กุมภาพันธ์ พ.ศ. 2557

មុតិតាចិត្ត


មុតិតាចិត្ត

​មុតិតាចិត្ត បាន​ដល់​ចិត្ត​ដែល​ប្រកប​ដោយ​ភាព​ទន់ភ្លន់ រីករាយ​ត្រជាក់​ក្នុង​ពេល​ដែល​អ្នក​ដទៃ​បាន​ល្អ ឬ​បាន​ទទួលនូវ​សេចក្ដី​សម្រេច​យ៉ាង​ណា​មួយ គឺ​ជា​អាការ​នៃ​សភាវៈ​ដែល​កើត​ឡើង​ក្នុង​ចិត្ត ព្រោះ​ប្រាស​ចាក​នូវ​ការ​ច្រណែន។ មុទិតា​ចិត្ត ជា​ចិត្ត​កើត​មាន​ក្នុង​បុគ្គល​ដែល​មាន​ប្រក្រតី​ព្រម​ទទួល​នូវ​ផល​សម្រេច ឬ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ។

គុណធម៌​មួយ​នេះ មិន​មែន​កើត​ឡើង​បាន​ដោយ​ងាយៗ​ឬ​ចេះ​តែ​កើត​បាន​ក្នុង​គ្រប់​មនុស្ស​នោះ​ឡើយ ព្រោះ​ជា​ប្រក្រតី​ធម្មតានៃ​មនុស្ស​ទូទៅ ច្រើន​តែ​មិន​ព្រម​ទទួល​នូវ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ មិន​ទន់​ភ្លន់​ចិត្ត​នៅ​ពេល​ដែលអ្នក​ដទៃ​បាន​ទទួល​នូវ​ការ​សរសើរ ឬ​បាន​លាភ​បាន​យស​ខ្ពស់​ជាង​ខ្លួន ជា​ពិសេសចំពោះ​អ្នក​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​និង​កំពុង​តែ​ប្រៀប​ផ្ទឹម​ គ្នា។

មនុស្ស​ដែល​មាន​មុទិតាចិត្ត គឺ​ជា​មនុស្ស​ពិសេស​ខ្ពង់​ខ្ពស់ ជា​មនុស្ស​រស់​នៅ​ជា​មួយ​នឹង​សេចក្ដី​សុខ​របស់​ខ្លួន​មាន​ចិត្ត​ប្រសើរ​ ខ្ពស់​ជាង​មនុស្ស​សាមញ្ញ​ធម្មតា មាន​ចិត្ត​ទូលាយ ព្រម​ទទួល​យក​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ និង​មាន​ចិត្ត​រីករាយ​ស្មើ​ជា​និច្ច​បី​ដូច​ជា​ព្រះព្រហ្ម។ មុទិតា​ជា​ព្រហ្ម​វិហារ​ធម៌ ១ ជា​ជម្រក​ដ៏​ប្រសើរ​របស់​ចិត្ត មិន​ងាយ​នឹង​កើត​ឡើង​ឡើយ លុះ​ត្រា​តែ​ហ្វឹក​ហាត់​អប់រំ​ដោយ​ការ​តាំង​ចិត្ត​មាំ ប្រកប​ដោយ​បញ្ញា​យល់​ដឹង។

ការ​អប់រំ​មុទិតាចិត្ត​ឲ្យ​ចម្រើន​ជា​ប្រក្រតី ត្រូវ​កម្ចាត់​នូវ​សត្រូវ​ដ៏​សំខាន់​របស់​មុទិតា គឺ អរតិ ឲ្យ​បាន​ជា​ដាច់​ខាត។ អរតិ បាន​ដល់​សេចក្ដី​មិន​ត្រេកអរ ព្រោះឥស្សា​ការ​ច្រណែន​កើត​ឡើង​ហ្នឹង​ឯង។ ដើម្បី​កម្ចាត់នូវ​អរតិ​នេះ ត្រូវ​ពិចារណា​អំពី​ហេតុផល​នៃ​ជីវិត ព្រោះ​អ្វីៗ​ក្នុង​ជីវិត​សុទ្ធ​តែ​មាន​ហេតុផល។

អ្នក​ដទៃ​បាន​លាភ​បាន​យស បាន​ការ​សរសើរ​ការ​គោរព​រាប់​អាន គឹ​សមគួរ​នឹង​បាន​ពិត​ហើយ មិន​មាន​ភាព​អយុត្តិធម៌​ក្នុង​ច្បាប់​ហេតុផល​នេះ​ឡើយ។

អរតិជាបាប​ធម៌​ម្យ៉ាង​ដែល​បាំង​ចិត្ត​បិទ​បញ្ញា មិន​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវចំពោះ​អ្វី​ដែល​ល្អ​ពិត និង​អ្វី​ដែល​អាក្រក់​ពិត​នោះ​ឡើយ ធ្វើ​ឲ្យ​ត្រេកអរ​នឹង​គេ​មិន​បាន សរសើរ​គេ​មិន​កើត សម្លឹង​មើល​អ្នក​ដទៃ​ក្នុង​ផ្នែក​ល្អ​ក៏​មិន​បាន​ដែរ មាន​តែ​គំនិតទម្លាយ​សេចក្ដី​ល្អ​របស់​គេ ដោយ​ការ​ពោល​ទោស ផ្សំ​រឿង​មិន​ល្អ និង​ចោទ​ប្រកាន់​ផ្សេងៗ​ឲ្យដល់​អ្នក​ដទៃ​នោះៗ ឯ​សេចក្ដី​ល្អ​ព្រម​ទាំង​គុណ​របស់​គេប្រៀប​បាន​នឹង​ភ្នំ​ធំ បែរ​ជា​មើល​មិន​ឃើញ នេះ​គេ​ហៅ​ថា មនុស្ស​ចិត្ត​ខ្វាក់។

ដើម្បី​សេចក្ដី​សុខ​ទាំង​ខ្លួន​ឯង ទាំង​អ្នក​ដទៃ មនុស្សយើង​ត្រូវ​សាង​មុទិតា​ចិត្ត ឲ្យ​កើត​ឡើង​ជំនួសកន្លែង​ឥស្សា​ដោយ​ការ​ព្យាយាម​សម្លឹង​រក​សេចក្ដី​ល្អ​របស់ ​អ្នក​ដទៃ សូម្បី​តែ​សេចក្ដី​ល្អ​នោះ​បន្តិចបន្តួច​ក៏​ដោយ។ ត្រូវ​ហាត់​យក​សេចក្ដី​ល្អ​របស់​គេ​ដែល​មាន សូម្បី​បន្តិច​បន្តួច​មក​សរសើរ​ទោះ​បី​មុន​ដំបូង​មាន​ការ​លំបាក​នឹង​និយាយ ក៏​ត្រូវ​តែព្យាយាម​ដែរ យូរៗ​ទៅ​ក្លាយ​ទៅ​ជា​ទម្លាប់​ហើយ​អាច​និយាយ​បាន​ច្រើន​ទៀត​ផង។ កាល​ជំនាញ​ក្នុង​ការ​និយាយ​សរសើរ​សេចក្ដី​ល្អ​របស់​គេ​ហើយ ត្រូវ​ចេះ​សម្ដែង​នូវ​សេចក្ដី​ត្រេកអរចំពោះ​ទៅ​រក​សេចក្ដី​សម្រេច​ខ្លះៗ របស់​អ្នកដទៃ​ចាប់​ផ្ដើម​តាំង​ពី​មនុស្ស​ក្នុង​គ្រួសារទៅ​មុន ពង្រីក​ទៅ​រក​ញាតិ​មិត្ត តទៅ​ដល់​អ្នក​រួម​ការងារ​ជា​ដើម។ ដូច្នេះ​ឯង​មិន​យូឡើយ​មុទិតា​ក៏​នឹង​កើត​ឡើង​ពេញ​នៅ​ក្នុង​ចិត្ត ភាព​ក្ដុកក្ដួល​រំជើបរំជួល ជំងឺ​ក្នុង​ចិត្ត ព្រោះ​ការ​ច្រណែន​ក៏​រមែង​ស្ងប់​រម្ងាប់​ទៅ។

មុទិតា​ធម៌ ជា​ថ្នាំ​ដ៏​វិសេស​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ញញឹម​ញញែម​រក​គ្នា គប់រក​គ្នា​ដោយ​ស្និទ្ធស្នាល ជា​សោមាស​ចាក់​ចិត្ត​គ្នា​ប្រកប​ដោយ​សុខ និង​ចម្រើន​អស់​កាល​ជានិច្ច ដែល​ផ្ទុយ​ពី​ឥស្សា​ការ​ច្រណែន ជា​សស្ត្រាវុធ​សម្រាប់​កាត់​ចំណង​មិត្ត​ភាព និង​ជា​តួទម្លាយ​នូវ​ប្រយោជន៍​គ្រប់​យ៉ាង​ក្នុង​លោក។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
  • Blogger Comments
  • Facebook Comments

0 ความคิดเห็น:

แสดงความคิดเห็น

Item Reviewed: មុតិតាចិត្ត Description: Rating: 5 Reviewed By: Unknown
Scroll to Top